សម្រាប់លោកអ្នកដែលកំពុងស្វែងរក សេវាបង្ហោះវ៉ិបសាយ (Web Hosting) មុននឹងសម្រេចចិត្តជ្រើសរើសគម្រោងសេវាណាមួយ លោកអ្នកត្រូវស្វែងយល់ឲ្យច្បាស់សិនថា តើចំណុចណាខ្លះដែលលោកអ្នកត្រូវការចាំបាច់ និងចំណុចណាខ្លះ ដែលលោកអ្នកត្រូវពិចារណា ។ ប្រសិនបើមិនដូច្នោះទេ លោកអ្នកនឹងខាតបង់ប្រាក់ លើគម្រោងដែលលើសតម្រូវការ ឬស្ទើរតម្រូវការ ដែលអាចឲ្យប៉ះពាល់ដល់ការងារ ឬអាជីវកម្មលោកអ្នក ។
ពាក្យថា សេវាបង្ហោះវ៉ិបសាយគ្មានដែនកំណត់ (Unlimited Web Hosting) ដែលក្រុមហ៊ុនផ្តល់សេវាកម្មតែងតែលើកឡើងសម្រាប់ផ្តល់ជូននូវតម្រួវការអ្នកប្រើប្រាស់ ដែលក្នុងនោះរួមមាន៖ ទំហំផ្ទុកគ្មានដែនកំណត់ (Unlimited Storage) – ចំនួនផ្ទុកដូម៉េនគ្មានដែនកំណត់ – ចំនួន Bandwidth (បរិមាណទិន្នន័យអតិប្បរិមាប្រចាំខែ) គ្មានដែនកំណត់ ជាដើម ។ តើពាក្យថា គ្មានដែនកំណត់នេះ មានពិតដែរឬទេ? ឬគ្រាន់តែជាឈ្មោះគម្រោងរបស់ក្រុមហ៊ុននីមួយៗ ដែលប្រើក្នុងគោលបំណងឲ្យអតិថិជនចាប់អារម្មណ៍ (ឬ យល់ច្រឡំ)?
សូមលោកអ្នកសាកល្បងសាកសួរ ក្រុមហ៊ុនផ្តល់សេវាកម្ម Web Hosting ថាតើពាក្យ Unlimited នេះមានន័យដូចម្តេច ឲ្យប្រាកដ? ខាងក្រោមនេះ សំបុកអាយធីនឹងលើកយកមូលដ្ឋានគ្រឹះបច្ចេកទេសទាក់ទងនឹងសេវាបង្ហោះវ៉ិបសាយ មកបង្ហាញជូន ។
អ្វីជា Bandwidth?
ពាក្យថា Bandwidth នេះអាចមានន័យច្រើនយ៉ាងខុសគ្នា អាស្រ័យលើប្រភេទសេវាដែលលោកអ្នកចង់សំដៅទៅលើ ។ ឧទាហរណ៍៖ ចំពោះ Web Hosting បើលោកអ្នកមាន Bandwidth Download និង Upload កំណត់ត្រឹម 5GB ក្នុងមួយខែ មានន័យថា អ្នកទស្សនានឹងបើកគេហទំព័រលោកអ្នកលែងបាន (អាចបើកបានវិញ នៅខែក្រោយ) នៅពេលដែលចំនួន Bandwidth Download លើសពី 5GB (គេហទំព័រខ្លះអាចមានទំហំ 1MB ឬ 2MB ក្នុងការបើកមើលម្តង) ។
សេវាបង្ហោះវ៉ិបសាយគ្មានដែនកំណត់ – Unlimited Web Hosting
Unlimited Bandwidth: ក្រុមហ៊ុនសេវាបង្ហោះវ៉ិបសាយអាចផ្តល់ជូនលោកអ្នកនូវគម្រោង Unlimited Bandwidth តែមិនមែនមានន័យថាគ្មានដែនកំណត់នោះទេ គឺចំនួន Bandwidth ដែលពុំកំណត់កម្រិតទិន្នន័យដែលអនុញ្ញាតឲ្យប្រើប្រាស់ ។
Unlimited Data Storage: សេវាកម្មមួយចំនួន បានប្រាប់លោកអ្នកថា គេនឹងផ្តល់ជូនលោកអ្នកនូវទំហំផ្ទុកទិន្នន័យគ្មានដែនកំណត់ ប៉ុន្តែលោកអ្នកមិនអាចរក្សា File Backup នៅក្នុង Hosting នោះបានទេ ។ តើមកពីមូលហេតុអ្វី? លោកអ្នកត្រូវសាកសួរ និងបញ្ជាក់លក្ខខណ្ឌនេះជាមុន មុននឹងសម្រេចចិត្តទិញសេវាកម្មពីក្រុមហ៊ុនណាមួយ ។
Unlimited Databases: នេះក៏ជាចំណុចមួយដែលលោកអ្នកត្រូវពិចារណាផងដែរ លោកអ្នកនឹងត្រូវបានផ្តល់ជូននូវ ចំនួនផ្ទុក Database មិនកំណត់ ប៉ុន្តែលោកអ្នកប្រហែលមិនអាចផ្ទុក Database ដែលមានទំហំកម្រិតណាមួយ (អាចតិចជាង 8MB ក្នុងមួយ Database) ។
Unlimited Subdomains/Domains: វាមិនមែនជាចំណុចដែលលោកអ្នកត្រូវទិញសេវាពីក្រុមហ៊ុនណាមួយ ដែលពួកគេអាចផ្តល់ឲ្យនូវ ការប្រើ Submain គ្មានដែនកំណត់នេះ ព្រោះថា លោកអ្នកប្រហែលនឹងមិនបង្កើត Subdomain រាប់រយនោះទេ ។
គម្រោង Web Hosting ដែលអ្នកគួរជ្រើសរើស
ចំណុចសំខាន់បំផុតដែលលោកអ្នកត្រូវតែដឹងគឺ ការជ្រើសរើសគម្រោងណាមួយ ដែលស័ក្តសមនឹងគេហទំព័រ ឬអាជីវកម្មអនឡាញលោកអ្នក ។ ប្រសិនបើលោកអ្នកកំពុងប្រើ Shared Hosting ដែលមិនអាចបំពេញតម្រូវការលោកអ្នក បានគ្រប់គ្រាន់ លោកអ្នកគួរពិចារណាក្នុងការផ្លាស់ប្តូរមកប្រើ VPS (Virtual Private Server) ឬ Dedicated Web Hosting ។ លោកអ្នកត្រូវសិក្សា និងពិចារណាឲ្យបានច្បាស់ មុននឹងទិញគម្រោងសេវាណាមួយ បើលោកអ្នកទើបចាប់ផ្តើមដំបូង ជាមួយទំហំគេហទំព័រតូចល្មម (ប្រភេទប្លក់ជាដើម) អាចជ្រើសរើសប្រភេទ Shared Hosting ដែលមានតម្លៃចាប់ពី ១២ដុល្លារ ក្នុងមួយឆ្នាំ សិនក៏បាន ។ នៅពេលដែលអាជីវកម្មរបស់លោកអ្នករីកចម្រើន ដែលមានអ្នកចូលទស្សនាច្រើនជាង ១០០០ នាក់ក្នុងមួយថ្ងៃ លោកអ្នកគួរជ្រើសរើស ប្រភេទ VPS វិញ ហើយបើច្រើនជាង ១០០០០ នាក់ឡើងទៅ គួរប្រើ Dedicated Web Hosting ដែលអាចគាំពារដំណើរការគេហទំព័រ អាជីវកម្មលោកអ្នកឲ្យកាន់តែដំណើរការប្រសើរ និងរលូន ។
សេចក្តីសន្និដ្ឋាន
ជាការពិត គ្មានក្រុមហ៊ុនណា អាចផ្តល់សេវាបង្ហោះគ្មានដែនកំណត់នោះទេ ព្រោះលោកអ្នកមិនអាចរាប់ ចំនួនដែលគ្មានកំណត់នោះបានទេ គឺមានតែចំនួនដែលពុំកំណត់ (No limit) ទៅលើចំនួន ឬទំហំទិន្នន័យដែលអនុញ្ញាតឲ្យលោកអ្នកផ្ទុក ។
ដូច្នេះ អ្វីដែលលោកអ្នកត្រូវពិចារណាមុនគេ មុននឹងសម្រេចចិត្តទិញសេវាពីក្រុមហ៊ុនណាមួយ គឺសេវាកម្ម ។ មិនថា ក្រុមហ៊ុននៅ ក្នុងស្រុក ឬក្រៅស្រុកនោះទេ បើផ្តល់សេវាមិនល្អ ទោះទំហំគ្មានដែនកំណត់ ដែលអាចផ្ទុកយក្ស ១០នាក់ ក៏មិនដឹងអាចប្រើបាន ឬអត់ផង ។
ប្រភពសំបុកអាយធី
Post A Comment: